Sunday, June 17, 2018

វគ្គទី 2 - 65 លានឆ្នាំមុន

ផែនដីកាលពី 65 លានឆ្នាំមុន

ខ្ញុំ៖ មុន្នី ដូចជាចម្លែកម្លេះ?


មុន្នី៖ មានរឿងអី?



ខ្ញុំ៖ ពេលវេលា ដូចជាមិនត្រឹមត្រូវ។ 65 លានឆ្នាំមុន...! ព្រះអើយ... គឺជាពេលដែលដាយណូស័រផុតពូជ!!! យើងច្បាស់ជាជួបបញ្ហាធំហើយ! ធ្វើមុិចទៅ?

មុន្នី៖ ហាហាហា៎...! កុំភ័យអីខ្ញុំគ្រាន់តែចង់បង្ហាញឯងពីអតីតកាលរបស់ផែនដីតែប៉ុណ្ណោះ។ យើងនៅមានពេលច្រើនទៀតមុនពេលដាយណូស័រផុតពូជ ឯងមិនចង់ដឹងថាដាយណូស័រផុតពូជដោយដោយរបៀបណាទេឬ? 

ខ្ញុំ៖ ខ្ញុំធ្លាប់អានប្រវត្តិរបស់ផែនដីហើយ មុន្នី! 

មុន្នី៖ តែធ្លាប់ឃើញផ្ទាល់ភ្នែកអត់ហ្នឹង? 

ខ្ញុំ៖ គួរអោយចាប់អារម្មណ៏!!!

ដូចខ្ញុំបានប្រាប់អ្នកអញ្ចឹង យាន្តរបស់ខ្ញុំពិតជាអស្ចារ្យ  ណាស់ វាដូចជាមិត្តល្អម្នាក់របស់ខ្ញុំអញ្ចឹង ហើយពេលខ្លះឆ្លាតជាងខ្ញុំទៀត។ នៅលើភពរបស់ខ្ញុំ គោលដៅសំខាន់របស់មនុស្សម្នាក់ៗគឺ ធ្វើដំណើរជុំវិញសកលនិងកត់ត្រាទុកនូវរបបគំហើញរបស់យើង ហើយចែករំលែកចំនេះដឹងនិងបច្ចេកវិទ្យាដែលយើងរកឃើញទៅអោយភពដ៏ទៃទៀត។  បុព្វបុរសរបស់យើងបានបង្កើតបណ្ណាល័យដ៏មហាសែនធំមួយដែលមានឈ្មោះថា បណ្ណាល័យខួរក្បាលសកល (Universal Brain Library) ហើយប្រជាជនគ្រប់គ្នានៅក្នុងសកលអាចប្រើប្រាស់ឯកសារបានដោយសេរី បើសិនជាភពរបស់គេទទួលបានបានការអនុញ្ញាតិដោយ សហព័ន្ធភពទូទាំងសកល (Universal Planetary Committee)។ 

ឥឡូវយើងចុះចតបានសម្រេចហើយ។ ដល់ពេលដែលយើងត្រូវស្វែងយល់ពីប្រវត្តិរបស់ផែនដីវិញហើយ។

អ្នកដឹងអត់? រាប់រយលានឆ្នាំមុន មុនពេលដែលបុព្វបុរសរបស់អ្នកចាប់ផ្តើមដំណើរជីវិតរបស់ពួកគាត់ ផែនដីរបស់អ្នកត្រូវបានគ្រប់គ្រងដោយសត្វដាយណូស័រ។



ពួកវាមានវត្តមានលើផែនដីរាប់រយលានឆ្នាំមុន ហើយមានបីជំនាន់ផ្សេងគ្នា៖

Triassic 248 ដល់ 206 លានឆ្នាំមុន

Jurassic  208 ដល់ 1466 លានឆ្នាំមុន

Cretaceous 146 ដល់ 65 លានឆ្នាំមុន

សាកគិតលេងទៅមើល បើសិនជាដាយណូស័រមិនដាច់ពូជទេនោះ តើមនុស្សលោក និងដាយណូស័រនឹងរស់នៅជាមួយគ្នាយ៉ាងដូចម្តេចទៅណ៎?
ប្រហែលជាអ្នកអាចនឹងមានសត្វចិញ្ចឹមជាសត្វដាយណូស័រ!

ពិតជាឡូយមែន!!!



ខ្ញុំ៖ មុន្នី! ដូចជាមិនសូវស្រួលទេ! យើងគួរតែត្រលប់ទៅពេលវេលាបច្ចុប្បន្នវិញហើយ!

មុន្នី៖ អាចរ៍ផ្កាយដ៏ធំមួយកំពុងតែ ធ្វើដំណើរមកបុកផែនដីហើយ។ វេហា ត្រលប់មកយាន្តវិញជាបន្ទាប់។




មុន្នី៖ ត្រៀមខ្លួនហោះ វេហា រាប់ថយក្រោយ 5 4 3 2 1 ហោះ....

ខ្ញុំ៖ មុន្នី មានកូនដាយណូស័រចូលក្នុងយាន្ត!!! 

វ៉ុស វ៉ុស វ៉ុស... ម៉ែក ម៉ែក ម៉ែក...

មុន្នី៖ ហាហាហា វាគិតថាឯងជាមេរបស់វា!!!


ពិតជាគួរអោយស្រលាញ់មែន...

ដាក់ឈ្មោះអោយឯងថា ឌីណូ!!! ពេលនោះហើយដែលដាយណូស័របានដាច់ពូជពីភពផែនដីរបស់អ្នក។




Friday, June 15, 2018

វគ្គទី 1 - ដំណើរត្រឡប់មកលេងស្រុក

នេះជាដំណើរផ្សងព្រេងរបស់ក្មេងប្រុសមួយរូបឈ្មោះថា វេហា...

អឹម... ប្រហែលជាខ្ញុំមិនសូវប្រសព្វក្នុងការសរសេរឃ្លាចាប់ផ្តើមរឿងព្រេងនិទានបែបវិទ្យាសាស្ត្រទេមើលទៅ។ តែមិនថ្វីទេ ខ្ញុំនឹងនិទានរឿងប្រាប់អ្នកតាមរបៀបផ្លែកៗផ្ទាល់ខ្លួនរបស់ខ្ញុំ។

អញ្ចឹងដំបូង ខ្ញុំសូមណែនាំខ្លួនសិនណា! ខ្ញុំឈ្មោះវេហា។ ហើយខ្ញុំជាមនុស្សភពផ្សេង។ កុំទាន់អាលភ្ញាក់ផ្អើលអី ព្រោះអីខ្ញុំមានរឿងគួរអោយភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតសម្រាប់ប្រាប់អ្នក។



ភពរបស់ខ្ញុំមានទីតាំងនៅក្នុងប្រព័ន្ធផ្កាយដែលនៅជិតប្រព័ន្ធព្រះអាទិត្យរបស់អ្នកជាងគេ ហើយមនុស្សលោកហៅវាថា Alpha Centauri System។ ប្រព័ន្ធផ្កាយរបស់ខ្ញុំឡូយណាស់ដោយសារវាមានផ្កាយរហូតដល់ 3ដួង៖ Alpha Centauri A, Alpha Centauri B, and Proxima Centauri។ ចំលែកណាស់ មែនទេ? ភពរបស់ខ្ញុំមានឈ្មោះថា Proxima b ហើយវាវិលជុំវិញផ្កាយ Proxima Centauri ដែលមានចំងាយប្រហែលជា 4.22 ឆ្នាំពន្លឺពីភពផែនដីរបស់អ្នក។



ចាំខ្ញុំជួយពន្យល់អ្នកពីឆ្នាំពន្លឺ... ឆ្នាំពន្លឺជារយៈចំងាយដែលពន្លឺធ្វើដំណើរក្នុងលំហរពេញមួយឆ្នាំ ដែលមានចំងាយប្រហែលជា 9,500,000,000,000km ក្នុងមួយឆ្នាំ។ សាកគិតទៅមើល តើពីភពរបស់ខ្ញុំមកភពផែនដីមានចំងាយប៉ុន្មានគីឡូមែត្រ?



បើអ្នកមានយាន្តអវកាសដែលមានសមត្ថភាពប៉ុនបច្ចេកវិទ្យាដែលមនុស្សលោកប្រើបច្ចុប្បន្ន អ្នកត្រូវចំណាយពេលរាប់ពាន់ឆ្នាំឯណោះដើម្បីធ្វើដំណើរទៅភពរបស់ខ្ញុំ។ យូរ....ខ្លាំងណាសសសស់.

សំណាងល្អខ្ញុំមានយាន្តអវកាសដ៏លឿនអស្ចារ្យ  ។ ខ្ញុំដាក់ឈ្មោះអោយវាថា មុន្នី។ មានអារម្មណ៏ចម្លែកអត់ហ្នឹង ដែលឈ្មោះរបស់ខ្ញុំនិងយាន្តរបស់ខ្ញុំជាឈ្មោះខ្មែរ? មិនបាច់ឆ្ងល់ឥឡូវហ្នឹងទេ ចាំខ្ញុំប្រាប់លើក្រោយព្រោះអីវាវែងឆ្ងាយពេក។ អូខេ តសាច់រឿងយើងវិញ។ យាន្តអវកាសរបស់ខ្ញុំធ្វើដំណើរតែមួយអាទិត្យទេពី ភពរបស់ខ្ញុំមកភពរបស់អ្នក។ ព្រោះអីវាអាចបង្រួញលំហនិងពេលវេលាបាន! អស្ចារ្យ  ណាស់មែនទេ?



វិធីសាស្ត្រមួយទៀត អ្នកអាចធ្វើដំណើរតាមរន្ធដង្កូវ តែភាគច្រើនវាតែងតែស្ទះផ្លូវដោយមានគេធ្វើដំណើរតាមនឹងច្រើនពេក។ បើអ្នកមិនស្គាល់រន្ធដង្កូវទេចាំខ្ញុំប្រាប់។ វាជាផ្លូវកាត់របស់លំហនិងពេលវេលា អ្នកវិទ្យាសាស្ត្រទូទាំងសកលកំពុងជួយគ្នាតភ្ជាប់រន្ធដង្កូវដើម្បីសម្រួលដល់មធ្យោបាយធ្វើដំណើរពីភពមួយទៅភពមួយ ពីប្រព័ន្ធព្រះអាទិត្យមួយទៅប្រព័ន្ធព្រះអាទិត្យ ពីកាឡាសុីមួយទៅកាឡាសុីមួយ។



អនាគតអាចនឹងតភ្ជាប់ពីសកលមួយទៅសកលមួយ តែប្រហែលជាពិបាកបន្តិចហើយព្រោះអីសកលធំខ្លាំងណាល់។ ខួរក្បាលរបស់អ្នកអាចនឹងផ្ទុះ បើអ្នកព្យាយាមគិតពីទំហំរបស់សកល!



ចាំបន្តិចណា៎! ខ្ញុំធ្វើដំណើរជិតមកដល់ភពផែនដីរបស់អ្នកហើយ។ ខ្ញុំត្រូវមានការប្រុងប្រយ័តបន្តិចពេលធ្វើការចុះចត​ ព្រោះអីខ្ញុំខ្លាចធ្វើអោយយាន្តរបស់ខ្ញុំខូច វាជារបស់ប៉ារបស់ខ្ញុំទេ។

ផែនដីពិតជាស្អាតមែន!!!!


ចូលមកដល់បរិយាកាសរបស់ផែនដីហើយ...


ត្រៀមខ្លួនចុះចត មុន្នី...!!!