អឹម... ប្រហែលជាខ្ញុំមិនសូវប្រសព្វក្នុងការសរសេរឃ្លាចាប់ផ្តើមរឿងព្រេងនិទានបែបវិទ្យាសាស្ត្រទេមើលទៅ។ តែមិនថ្វីទេ ខ្ញុំនឹងនិទានរឿងប្រាប់អ្នកតាមរបៀបផ្លែកៗផ្ទាល់ខ្លួនរបស់ខ្ញុំ។
អញ្ចឹងដំបូង ខ្ញុំសូមណែនាំខ្លួនសិនណា! ខ្ញុំឈ្មោះវេហា។ ហើយខ្ញុំជាមនុស្សភពផ្សេង។ កុំទាន់អាលភ្ញាក់ផ្អើលអី ព្រោះអីខ្ញុំមានរឿងគួរអោយភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតសម្រាប់ប្រាប់អ្នក។
ភពរបស់ខ្ញុំមានទីតាំងនៅក្នុងប្រព័ន្ធផ្កាយដែលនៅជិតប្រព័ន្ធព្រះអាទិត្យរបស់អ្នកជាងគេ ហើយមនុស្សលោកហៅវាថា Alpha Centauri System។ ប្រព័ន្ធផ្កាយរបស់ខ្ញុំឡូយណាស់ដោយសារវាមានផ្កាយរហូតដល់ 3ដួង៖ Alpha Centauri A, Alpha Centauri B, and Proxima Centauri។ ចំលែកណាស់ មែនទេ? ភពរបស់ខ្ញុំមានឈ្មោះថា Proxima b ហើយវាវិលជុំវិញផ្កាយ Proxima Centauri ដែលមានចំងាយប្រហែលជា 4.22 ឆ្នាំពន្លឺពីភពផែនដីរបស់អ្នក។
បើអ្នកមានយាន្តអវកាសដែលមានសមត្ថភាពប៉ុនបច្ចេកវិទ្យាដែលមនុស្សលោកប្រើបច្ចុប្បន្ន អ្នកត្រូវចំណាយពេលរាប់ពាន់ឆ្នាំឯណោះដើម្បីធ្វើដំណើរទៅភពរបស់ខ្ញុំ។ យូរ....ខ្លាំងណាសសសស់.
សំណាងល្អខ្ញុំមានយាន្តអវកាសដ៏លឿនអស្ចារ្យ ។ ខ្ញុំដាក់ឈ្មោះអោយវាថា មុន្នី។ មានអារម្មណ៏ចម្លែកអត់ហ្នឹង ដែលឈ្មោះរបស់ខ្ញុំនិងយាន្តរបស់ខ្ញុំជាឈ្មោះខ្មែរ? មិនបាច់ឆ្ងល់ឥឡូវហ្នឹងទេ ចាំខ្ញុំប្រាប់លើក្រោយព្រោះអីវាវែងឆ្ងាយពេក។ អូខេ តសាច់រឿងយើងវិញ។ យាន្តអវកាសរបស់ខ្ញុំធ្វើដំណើរតែមួយអាទិត្យទេពី ភពរបស់ខ្ញុំមកភពរបស់អ្នក។ ព្រោះអីវាអាចបង្រួញលំហនិងពេលវេលាបាន! អស្ចារ្យ ណាស់មែនទេ?
វិធីសាស្ត្រមួយទៀត អ្នកអាចធ្វើដំណើរតាមរន្ធដង្កូវ តែភាគច្រើនវាតែងតែស្ទះផ្លូវដោយមានគេធ្វើដំណើរតាមនឹងច្រើនពេក។ បើអ្នកមិនស្គាល់រន្ធដង្កូវទេចាំខ្ញុំប្រាប់។ វាជាផ្លូវកាត់របស់លំហនិងពេលវេលា អ្នកវិទ្យាសាស្ត្រទូទាំងសកលកំពុងជួយគ្នាតភ្ជាប់រន្ធដង្កូវដើម្បីសម្រួលដល់មធ្យោបាយធ្វើដំណើរពីភពមួយទៅភពមួយ ពីប្រព័ន្ធព្រះអាទិត្យមួយទៅប្រព័ន្ធព្រះអាទិត្យ ពីកាឡាសុីមួយទៅកាឡាសុីមួយ។
អនាគតអាចនឹងតភ្ជាប់ពីសកលមួយទៅសកលមួយ តែប្រហែលជាពិបាកបន្តិចហើយព្រោះអីសកលធំខ្លាំងណាល់។ ខួរក្បាលរបស់អ្នកអាចនឹងផ្ទុះ បើអ្នកព្យាយាមគិតពីទំហំរបស់សកល!
ចាំបន្តិចណា៎! ខ្ញុំធ្វើដំណើរជិតមកដល់ភពផែនដីរបស់អ្នកហើយ។ ខ្ញុំត្រូវមានការប្រុងប្រយ័តបន្តិចពេលធ្វើការចុះចត ព្រោះអីខ្ញុំខ្លាចធ្វើអោយយាន្តរបស់ខ្ញុំខូច វាជារបស់ប៉ារបស់ខ្ញុំទេ។
ផែនដីពិតជាស្អាតមែន!!!!
ចូលមកដល់បរិយាកាសរបស់ផែនដីហើយ...
ត្រៀមខ្លួនចុះចត មុន្នី...!!!
No comments:
Post a Comment